លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសក្នុងកម្មវិធីជួបជុំគ្នាមួយនៅរដ្ឋអាឡាស្កាកាលពីថ្ងៃអង្គារម្សិលមិញថា កោះតៃវ៉ាន់ បានយល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០% ពីគម្រោងបំពង់ឧស្ម័នធម្មជាតិនៅក្នុងរដ្ឋនេះ ប៉ុន្តែលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងជាផ្លូវការនៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានបញ្ជាក់ថា កោះតៃវ៉ាន់ បានប្តេជ្ញាចិត្តក្នុងការវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍគម្រោងបំពង់ឧស្ម័នធម្មជាតិនេះ។
ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមន្ត្រីកោះតៃវ៉ាន់បានលើកឡើងកាលពីខែកុម្ភៈថា ពួកគេនឹងបង្កើនការទិញឧស្ម័នធម្មជាតិពីសហរដ្ឋអាមេរិក ឱ្យបានប្រមាណមួយភាគបីនៃការនាំចូលសរុបរបស់កោះនេះក្នុងឆ្នាំ ២០២៦ នេះ និងកាត់បន្ថយការទិញពីបណ្តាប្រទេសផ្សេងទៀត។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន CPC របស់តៃវ៉ាន់ និងសាជីវកម្មអភិវឌ្ឍន៍បំពង់ឧស្ម័នអាឡាស្កា បានចុះហត្ថលេខាលើលិខិតបង្ហាញចេតនាដែលមិនមានកាតព្វកិច្ចចងភ្ជាប់ ស្តីពីការទិញឧស្ម័នធម្មជាតិរាវ និងលទ្ធភាពវិនិយោគជាភាគហ៊ុន៕ដោយ៖ រិទ្ធី









