ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា-វៀតណាម រៀបចំពិព័រណ៍ផលិតផលឆ្នាំ២០២៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ពេញ សុភ័ក្រ្ត

ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម បានរួមគ្នារៀបចំ «ព្រឹត្តិការណ៍ការតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយពិព័រណ៍ផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦» នៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លើផ្ទៃដី ១០.០០០ ម៉ែត្រការ៉េ។ ពិធីបើកជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក្នុងគោលបំណងជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចការពារជាតិរវាងប្រទេសទាំងពីរ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក បានមានប្រសាសន៍ថា ពិព័រណ៍នេះជាសកម្មភាពមួយក្នុងបរិបទដែលកម្ពុជា និងវៀតណាមកំពុងត្រៀមរៀបចំអបអរសាទរ «ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២៧» និងខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧។ ព្រឹត្តិការណ៍នេះមានការតាំងបង្ហាញរូបភាពថ្នាក់ដឹកនាំ និងក្រសួងការពារជាតិ ព្រមទាំងផលិតផលពីអាជីវកម្មជិត ១៥០ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ ម្ហូបអាហាររវាងប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានបញ្ជាក់ថា ពិព័រណ៍នេះជាលទ្ធផលនៃការអនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យវិនិយោគសេដ្ឋកិច្ចការពារជាតិ និងការគាំទ្រគ្នាទៅវិញទៅមក។ លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរឱ្យមានការរីកចម្រើនបន្ថែមទៀត៕ ដោយ៖ សុភ័ក្រ្ត