រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចាប់ខ្លួនស្ត្រីម្នាក់នៅបាលី ក្រោយរកឃើញសារធាតុសង្ស័យថាជាកូកាអ៊ីនរាវក្នុងដបសាប៊ូកក់សក់

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

អាជ្ញាធរឥណ្ឌូណេស៊ីបានចាប់ខ្លួនស្ត្រីប្រេស៊ីលអាយុ៣៦ឆ្នាំនៅបាលី ក្រោយរកឃើញដបផលិតផលថែរក្សារាងកាយ៧ដប ផ្ទុកសារធាតុសង្ស័យថាជាកូកាអ៊ីនរាវទម្ងន់ជាង៣,៦គីឡូក្រាម។ ករណីកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ប៉ូលិសឥណ្ឌូណេស៊ី បានចាប់ខ្លួនស្រ្តីជនជាតិប្រេស៊ីលវ័យ ៣៦ ឆ្នាំម្នាក់ នៅលើកោះបាលី ក្រោមការសង្ស័យពាក់ព័ន្ធនឹងបទល្មើស លួចនាំចូលសារធាតុញៀនប្រភេទកូកាអ៊ីនរាវ ទម្ងន់ជាង ៣,៦ គីឡូក្រាម ចូលមកក្នុងប្រទេសឥណ្ឌូណេស៊ី ដោយលាក់ទុកក្នុងដបសាប៊ូកក់សក់ និងផលិតផលថែរក្សារាងកាយផ្សេងទៀត។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូនេស៊ី Antara បានឱ្យដឹងថា មន្ត្រីគយ និងភ្នាក់ងារស៊ើបអង្កេតគ្រឿងញៀនរបស់កោះបាលី បានស្ទាក់ចាប់ និងឃាត់ខ្លួនស្ត្រីរូបនេះនៅអាកាសយានដ្ឋានអន្តរជាតិ Gusti Ngurah Rai ភ្លាមៗ បន្ទាប់ពីនាងធ្វើដំណើរមកដល់ពីប្រទេសប្រេស៊ីល។ មន្ត្រីគយបានរកឃើញភាពមិនប្រក្រតីនៅលើកាបូបស្ដាយរបស់នាង ហើយបន្ទាប់ពីការឆែកឆេរ សមត្ថកិច្ចបានរកឃើញ ដបផលិតផលថែទាំរាងកាយចំនួន ៧ ដប ដែលផ្ទុកសារធាតុរាវសង្ស័យថាជាគ្រឿងញៀនប្រភេទកូកាអ៊ីនរាវ។

ជនសង្ស័យបានសារភាពប្រាប់ប៉ូលិសថា មានមេខ្លោងសម្របសម្រួលម្នាក់ឈរជើងនៅប្រទេសប្រេស៊ីល បានសន្យាផ្តល់ប្រាក់ចំនួន ៥០.០០០ ដុល្លារអាមេរិក ប្រសិនបើនាងអាចដឹកជញ្ជូនកូកាអ៊ីនរាវនេះ ប្រគល់ឱ្យទំនាក់ទំនងម្នាក់ទៀតនៅកោះបាលី។ ក្រុមអ្នកស៊ើបអង្កេតបានលាតត្រដាងថា ក្រៅពីកម្រៃជើងសារដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជនសង្ស័យក៏ត្រូវបានធានារ៉ាប់រងលើការរៀបចំកន្លែងស្នាក់នៅ។ 

បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត យោងតាមមាត្រា ៦០៩(២) និងមាត្រា ៦១០(២) នៃក្រមព្រហ្មទណ្ឌឥណ្ឌូណេស៊ី ដែលចែងពីបទកាន់កាប់ និងការនាំចូលគ្រឿងញៀនថ្នាក់ទី១ ដែលជាប្រភេទសារធាតុញៀន រួមមានទាំងកូកាអ៊ីនផងដែរ ខណៈដែលបទល្មើសទាំងនេះ អាចប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុតមួយនៅលើពិភពលោក ដែលរួមបញ្ចូលទាំងទោសប្រហារជីវិតសម្រាប់ជនល្មើសជួញដូរគ្រឿងញៀន ដោយបច្ចុប្បន្នមានជនបរទេសរាប់សិបនាក់ កំពុងជាប់ក្នុងបញ្ជីរង់ចាំការប្រហារជីវិត៕ដោយ៖ រិទ្ធី

ចាប់ខ្លួនស្ត្រីម្នាក់នៅបាលី ក្រោយរកឃើញសារធាតុសង្ស័យថាជាកូកាអ៊ីនរាវក្នុងដបសាប៊ូកក់សក់

ចាប់ខ្លួនស្ត្រីម្នាក់នៅបាលី ក្រោយរកឃើញសារធាតុសង្ស័យថាជាកូកាអ៊ីនរាវក្នុងដបសាប៊ូកក់សក់

អត្ថបទមុនៗក្នុងផ្នែកនេះ