ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថា តើការផ្សាយរបស់ Al Jazeera អំពីករណី Long Bay ក្នុងខេត្តកោះកុង នឹងប៉ះពាល់ដល់មុខមាត់ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសដែរឬទេ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា កម្ពុជាមិនដែលបដិសេធពីវត្តមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសឡើយ។ លោកបានលើកឡើងថា អ្វីដែលសំខាន់គឺកម្ពុជាជាប្រទេសដែលធ្វើសកម្មភាពជាក់ស្តែងយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ ហើយមិនដកដៃឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តវិធានការច្បាប់ប្រកបដោយការទទួលខុសត្រូវ ដើម្បីលុបបំបាត់បទល្មើសទាំងនេះ។



ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក គឺជាកត្តាសំខាន់ដែលជំរុញឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរនៅទូទាំងរាជធានី និងខេត្ត អនុវត្តភារកិច្ចកាន់តែម៉ឺងម៉ាត់ និងខ្លាំងក្លា។ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទប់ស្កាត់មិនឱ្យបទល្មើសនេះវិលត្រឡប់មកវិញជាដាច់ខាត។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបោសសម្អាត និងបំផ្លាញទីតាំង និងមជ្ឈមណ្ឌលប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សមត្ថកិច្ចក៏កំពុងស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីស្វែងរក និងចាប់ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធទាំងអស់ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។






ចំពោះវីដេអូរបស់ Al Jazeera ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា សកម្មភាពដែលបង្ហាញក្នុងរបាយការណ៍នោះបានកើតឡើងមុនយុទ្ធនាការបោសសម្អាតទ្រង់ទ្រាយធំរបស់អាជ្ញាធរកម្ពុជាប៉ុណ្ណោះ។ ដូច្នេះ តាមការលើកឡើងរបស់លោក របាយការណ៍នេះផ្ទុយទៅវិញបានបង្ហាញថា កម្ពុជាបច្ចុប្បន្នទទួលបានលទ្ធផលជាក់ស្តែងក្នុងការបង្ក្រាប និងបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកចេញពីទីតាំងទាំងនោះ។
ជាទិសដៅទៅមុខ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ការបទល្មើសបច្ចេកវិទ្យាឆ្លងដែន និងធានាថាបទល្មើសទាំងនេះមិនវិលត្រឡប់មក ឬតាំងទីលំនៅឡើងវិញក្នុងប្រទេសកម្ពុជាឡើយ។
