ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជា-ម៉ាឡេស៊ី! មានទំហំពាណិជ្ជកម្មទ្វេភាគី៩ខែដំបូងឆ្នាំ២០២៦ ហក់ឡើងជិត ១,២ពាន់លានដុល្លារ

ទំហំពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី បានបង្ហាញពីសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសម្រេចបានទឹកប្រាក់សរុប ១,១៨ពាន់លានដុល្លារ កើនឡើង ៤៦,៥៤% ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦។នេះបើយោងតាមសារព័ត៍មានក្នុងស្រុកមួយចេញផ្សាយ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមនោះ កម្ពុជានាំចេញទំនិញទៅម៉ាឡេស៊ីមានទឹកប្រាក់ ១៦៣លានដុល្លារ (កើនឡើង ៥៧%) និងការនាំចូលពីម៉ាឡេស៊ីវិញមានតម្លៃ ១,០២ពាន់លានដុល្លារ (កើនឡើង ៤៤,៩៥%)។ សន្ទុះនេះបានរុញឱ្យម៉ាឡេស៊ីបន្តរក្សាឈរឈ្មោះជាដៃគូពាណិជ្ជកម្មធំជាងគេទី៧របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។


ការរីកចម្រើនដ៏លឿននេះ ត្រូវបានមើលឃើញថាជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើវិស័យគន្លឹះដូចជាពាណិជ្ជកម្ម និងការវិនិយោគ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា កំណើនដ៏គួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីការពង្រីកទំហំលើសពី ១ពាន់លានដុល្លារ និងជាការបើកទ្វារយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងភាគីទាំងពីរ។

ទន្ទឹមនឹងនេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានពន្យល់ថា កំណើននៃការនាំចេញនេះបានពីសុខភាពសេដ្ឋកិច្ចកម្ពុជា ទោះបីជាសន្ទុះកំណើនផលិតផលក្នុងស្រុកសរុប (GDP) រក្សាកម្រិតជាង ៤% ក៏ដោយ ខណៈកម្ពុជានៅរក្សាទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក ចិន និងតំបន់អាសិបបានយ៉ាងល្អប្រសើរ។ គួររំលឹកផងដែរថា បើធៀបនឹងពេញមួយឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ធ្លាប់សម្រេចបានទឹកប្រាក់សរុប ១,១ពាន់លានដុល្លារ (កើន ២៤,៦៦%) ក្នុងនោះកម្ពុជានាំចេញ ១៤៣លានដុល្លារ និងម៉ាឡេស៊ីនាំចូល ៩៣៥លានដុល្លារ។ដោយ៖ស្រីពី