យោងតាមចុះផ្សាយរបស់សារព័ត៌មាន CNN ដែលបានដកស្រង់សម្តីពីមន្ត្រីអាមេរិកដែលដឹងច្បាស់ពីបញ្ហានេះបានទម្លាយឱ្យដឹងថា កងទ័ពអាមេរិក កំពុងបង្កើតផែនការវាយប្រហារថ្មីមួយ ដែលអាចរួមបញ្ចូលទាំងការប្រើប្រាស់គ្រាប់បែក GBU-43/B Massive Ordnance Air Blast Bomb ដែលត្រូវបានស្គាល់ជាទូទៅថាជា «ម្តាយនៃគ្រាប់បែកទាំងអស់» ឬ Mother of all bombs ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យបើកប្រតិបត្តិការប្រយុទ្ធសារជាថ្មី។
ការដាក់ពង្រាយគ្រាប់បែកមិនមែននុយក្លេអ៊ែរដ៏ធំបំផុតនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកនេះ នឹងបង្ហាញពីការបោះជំហានឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងជម្លោះនេះ ទោះបីជាផែនការនេះ មិនទាន់បញ្ជាក់ជាផ្លូវការក៏ដោយ។
គ្រាប់បែក Mother of all bombs ឬ ម្តាយនៃគ្រាប់បែកទាំងអស់ នេះ គឺជាអាវុធមហាបំផ្លិចបំផ្លាញកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើងដើម្បីកម្ទេចរូងក្រោមដី ឬគោលដៅរឹងមាំខ្លាំង ប៉ុន្តែការពិចារណានាំយកអាវុធនេះមកប្រើប្រាស់ក្នុងវិបត្តិជាមួយអ៊ីរ៉ង់ កំពុងដាក់ប្រទេសទាំងពីរឱ្យស្ថិតក្នុងរបត់ដ៏គ្រោះថ្នាក់បំផុតដែលពិបាកនឹងស្មានទុកជាមុន៕អត្ថបទដោយ៖ រិទ្ធី
