ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីទោ លីវ ស៊ូមីន មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃសមយុទ្ធយោធារួម «នាគមាសឆ្នាំ២០២៦» នៅមូលដ្ឋានសមុទ្ររាមនៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៦នេះ។ សមយុទ្ធនេះជាកិច្ចសហប្រតិបត្តិការយោធាលើកទី៨ រវាងកម្ពុជា និងចិន ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ មូលដ្ឋានសមុទ្ររាម ដែលជាបញ្ជាការដ្ឋានកងទ័ពសមុទ្ររបស់កម្ពុជា ក៏ជាទីតាំងដែលទទួលបានការគាំទ្រពីប្រទេសចិនក្នុងការធ្វើទំនើបកម្មផងដែរ។









យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សមយុទ្ធឆ្នាំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។ សមយុទ្ធមានការហ្វឹកហាត់លើគោក លើសមុទ្រ និងលើអាកាស ដោយមានទ្រង់ទ្រាយធំជាងលើកមុនៗ ទាំងចំនួនកម្លាំង និងសម្ភារយោធា។ កម្លាំងចូលរួមសរុបមានប្រមាណ ២ពាន់នាក់ ក្នុងនោះកម្ពុជាជាង ១ពាន់នាក់ និងចិនជាង ៨០០នាក់ ព្រមទាំងប្រើប្រាស់នាវាចម្បាំង យន្តហោះ ដ្រូន រថក្រោះប្រយុទ្ធធុនធ្ងន់ រថពាសដែក និងរថយន្តយោធាជាច្រើនប្រភេទ។







សមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការលើកកម្ពស់សមត្ថភាពជំនាញ និងការពង្រឹងចំណងមិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ ជាពិសេស សមយុទ្ធនេះផ្តោតលើការបង្កើនសមត្ថភាពក្នុងការប្រឆាំងភេរវកម្ម ការទប់ស្កាត់ចោរសមុទ្រ ប្រតិបត្តិការមនុស្សធម៌ និងការងារសង្គ្រោះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការត្រៀមខ្លួនឆ្លើយតបនឹងបញ្ហាប្រឈមរួម។ ដោយ៖ សុភ័ក្រ្ត










