នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន The Straits Times ឯកឧត្តម កៅ គឹមហួន បានមានប្រសាសន៍ថា ការចរចារវាងប្រទេសជិតខាងទាំងពីរមិនទាន់មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ណាស់ណានៅឡើយទេ ទោះបីជាប្រធានអាស៊ានដែលបានបន្តវេនគ្នាកន្លងមក បានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះក៏ដោយ។ ស្ថានភាពនេះបានធ្វើឱ្យតំបន់ព្រំដែននៅតែប្រឈមនឹងហានិភ័យនៃការផ្ទុះអរិភាពជាថ្មី។


ឯកឧត្ដមបន្ថែមទៀតថាបទឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសថៃ និងកម្ពុជា អាចនឹងដួលរលំ និងឈានទៅរកការប្រយុទ្ធគ្នាជាថ្មី ប្រសិនបើប្រទេសទាំងពីរមិនបង្កើនកិច្ចចរចាឱ្យកាន់តែសកម្ម។ នេះបើតាមការព្រមានរបស់អគ្គលេខាធិការអាស៊ាន ឯកឧត្តម កៅ គឹមហួន
ខណៈប្រទេសសិង្ហបុរីកំពុងត្រៀមទទួលតួនាទីជាប្រធានអាស៊ាននៅដើមឆ្នាំ២០២៧តទៅ។

ឯកឧត្តមបានបង្ហាញជំនឿថា ប្រទេសសិង្ហបុរីអាចជួយនាំភាគីទាំងពីរឱ្យវិលត្រឡប់មកកាន់តុចរចាវិញ ដោយបានពិពណ៌នាថា សិង្ហបុរីជា «ប្រទេសតូច ប៉ុន្តែមានសមត្ថភាពការទូតធំ»។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «យើងមិនគួរបណ្តោយឱ្យមានការប៉ះទង្គិចលើកទី៣ កើតឡើងនោះទេ ដូច្នេះយើងត្រូវតែទប់ស្កាត់។ ការលើកឡើងនេះសំដៅលើការប៉ះទង្គិចតាមព្រំដែនចំនួនពីរលើកដែលបានកើតឡើងក្នុងឆ្នាំ២០២៥។

ការលើកឡើងរបស់ឯកឧត្តមធ្វើឡើងបន្ទាប់ពីប្រទេសហ្វីលីពីនបានប្រគល់តួនាទីជាប្រធានអាស៊ានទៅឱ្យប្រទេសសិង្ហបុរីជាផ្លូវការ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ ប្រទេសសិង្ហបុរីនឹងចាប់ផ្តើមកាន់តួនាទីជាប្រធានអាស៊ានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ដែលជាឆ្នាំដែលអាស៊ាននឹងប្រារព្ធខួបលើកទី៦០ នៃការបង្កើតអង្គការនេះផងដែរ៕ ដោយ៖ សុភ័ក្រ្ត








