សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុវត្តតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបជាមួយ ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ នៃរដ្ឋ Montana នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ សម្តេចធិបតីក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមសម្របសម្រួលឱ្យមានបទឈប់បាញ់ និងបន្តយកចិត្តទុកដាក់លើបញ្ហាព្រំដែន ព្រមទាំងជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។


ក្រៅពីបញ្ហាព្រំដែន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមដែលជាផលប្រយោជន៍រួម រួមមានការវិវត្តនៃស្ថានភាពប្រជាសាស្ត្រ និងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ ជំនួបនេះបានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់កម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ស្របពេលកម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។


ជាការឆ្លើយតប ឯកឧត្តម Steve Daines បានបង្ហាញការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកព្រមទាំងសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ និងការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា។
ឯកឧត្តមក៏បានលើកឡើងពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យថាមពល និងធនធានរ៉ែ ដោយបង្ហាញការគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញអាមេរិកមកកម្ពុជា ដើម្បីជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ៕ដោយ៖សុភ័ក្រ្ត












