ឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត និងជាភារធារីស្តីទី នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចដោះស្រាយជម្លោះ និងការរក្សាសន្តិភាព។ ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចពិភាក្សាចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី «ការដោះស្រាយជម្លោះក្នុងយុគសម័យនៃការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស» ដែលក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់លើការធានាឱ្យការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម មានការទទួលខុសត្រូវ ព្រមទាំងទាញយកសក្តានុពលរបស់បច្ចេកវិទ្យាទាំងនេះ ដើម្បីជួយគាំទ្រដល់កិច្ចសន្ទនាការទូត និងការស្វែងរកដំណោះស្រាយនយោបាយ។


ក្នុងកិច្ចពិភាក្សានោះ កម្ពុជាក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យាដើម្បីជំរុញការអភិវឌ្ឍ និងកសាងសន្តិភាពយូរអង្វែង។ ជាក់ស្តែង កម្ពុជាបានលើកយកភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ FrancoTech ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ដែលជាវេទិកាសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏សំខាន់។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន ស្ថាប័នរដ្ឋាភិបាល និងអ្នកជំនាញមកពីតំបន់នានា ដើម្បីបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងជំរុញភាពជាដៃគូធុរកិច្ច និងពង្រីកឱកាសវិនិយោគ។


ការលើកឡើងរបស់តំណាងកម្ពុជាក្នុងវេទិកាអន្តរជាតិនេះ បានបង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងន័យវិជ្ជមាន ដោយផ្តោតលើការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយជំរុញកិច្ចសន្ទនា និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ជាមួយគ្នានេះ កម្ពុជាបានបង្ហាញពីបទពិសោធន៍ជាក់ស្តែងក្នុងការរៀបចំវេទិកាបច្ចេកវិទ្យា និងសេដ្ឋកិច្ច ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយ៖ សុភ័ក្រ្ត









