ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការដល់លោកជំទាវ Tonata Itenge-Emvula ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋណាមីប៊ី (Republic of Namibia) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលក្រាបបង្គំគាល់ និងថ្វាយសារតាំងជាផ្លូវការ។
ព្រះរាជពិធីថ្វាយសារតាំងនេះ បានរៀបចំឡើងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង ដែលជាពិធីការទូតដ៏សំខាន់ សម្រាប់ការចាប់ផ្តើមបំពេញបេសកកម្មរបស់ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៅកម្ពុជា។ ការបំពេញបេសកម្មការទូតនៅកម្ពុជារបស់លោកជំទាវនាពេលនេះក៏ជាផ្នែកមួយនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋណាមីប៊ីផងដែរ។


លោកជំទាវ Tonata Itenge-Emvula គឺជាអ្នកការទូត និងឥស្សរជនស្ត្រីមួយរូបដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យការទូត ការគ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សាធារណរដ្ឋណាមីប៊ី។ លោកជំទាវទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ សញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) និងសញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ។


ក្នុងអាជីពការងារ លោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតស្ត្រីដំបូងរបស់ណាមីប៊ីក្នុងឆ្នាំ១៩៩១ ដោយទទួលបន្ទុកបេសកកម្មការទូតប្រចាំប្រទេសស៊ុយអែត ន័រវែស ដាណឺម៉ាក ហ្វាំងឡង់ និងអ៊ីស្លង់។ បន្ទាប់មក លោកជំទាវបានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលធនាគារជាតិណាមីប៊ី និងបានចូលរួមចំណែកក្នុងការកែទម្រង់ក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ចប្រធានាធិបតីក្នុងឆ្នាំ២០០៤-២០០៥ ព្រមទាំងធ្លាប់កាន់តួនាទីជាទីប្រឹក្សាពិសេសនៅក្រសួងសមភាពយេនឌ័រ និងសុខុមាលភាពកុមារ៕ដោយ៖សុភ័ក្រ្ត










