យោងតាមព័ត៌មានពីក្រសួងសុខាភិបាលកម្ពុជានាពេលថ្មីៗនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបមួយ បានចូលរួមសន្និបាតអន្តរជាតិហុងកុងស្តីពីវេជ្ជសាស្ត្រ និងឱសថបុរាណចិន ឆ្នាំ២០២៦ ដែលបានប្រារព្ធធ្វើនៅហុងកុង ប្រទេសចិន នៅថ្ងៃដដែល។
លោកស្រីបានថ្លែងនៅក្នុងសន្និបាតថា វេជ្ជសាស្ត្រ និងឱសថបុរាណចិន មានសក្តានុពលអភិវឌ្ឍក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជា ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍវេជ្ជសាស្ត្របុរាណប្រកបដោយសុវត្ថិភាព គុណភាពខ្ពស់ និងចីរភាព។
លោកស្រីបានលើកឡើងនូវទិសដៅអភិវឌ្ឍអាទិភាពចំនួន៥ គឺ៖ ទី១ ពង្រឹងគោលនយោបាយ និងច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធនឹងវេជ្ជសាស្ត្របុរាណ។ ទី២ ពង្រឹងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីវាយតម្លៃសុវត្ថិភាព ប្រសិទ្ធភាព និងហានិភ័យដែលអាចកើតមាននៃវេជ្ជសាស្ត្របុរាណ។ ទី៣ ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សជំនាញ និងការផ្លាស់ប្តូរបច្ចេកទេស។ ទី៤ ជំរុញឱ្យវេជ្ជសាស្ត្រ និងឱសថបុរាណចិន ចូលទៅក្នុងគ្រឹះស្ថានសុខាភិបាលដែលមានលក្ខខណ្ឌគ្រប់គ្រាន់។ ទី៥ បង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាល និងធានាការយកថ្លៃសេវាសមរម្យ។
គេដឹងថា សន្និបាតលើកនេះ មានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាលមកពីប្រទេសចំនួន១១ រួមមាន កម្ពុជា ឡាវ សហរដ្ឋអាមេរិក ជប៉ុន កាណាដា អូស្ត្រាលី ជាដើម ព្រមទាំងអ្នកជំនាញវេជ្ជសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ និងតំណាងសហគ្រាស សរុបប្រមាណ៥០០នាក់។








