ក្រសួងផែនការ និងការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNRCO) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ថ្នាក់ជាតិលើសេចក្តីព្រាង «យុទ្ធសាស្ត្រអន្តរកាលដោយរលូនកម្ពុជា ដើម្បីចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច» ក្រោមការសម្របសម្រួលរបស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងលោកស្រី វ៉ូដាន់កា អាន់ក្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន វិស័យឯកជន អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវ។ កម្ពុជាបានស្ថិតក្នុងចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) តាំងពីឆ្នាំ១៩៩១ ហើយបានបំពេញលក្ខណៈវិនិច្ឆ័យទាំង៣របស់អង្គការសហប្រជាជាតិចំនួនពីរលើកជាប់គ្នា នៅឆ្នាំ២០២១ និងឆ្នាំ២០២៤ រួមមាន ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ១ ៥៩០ដុល្លារអាម៉េរិក សន្ទស្សន៍ទ្រព្យធនមនុស្ស ៧៧,៨ និងសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ចនិងបរិស្ថាន ២៤,១។


តាមសេចក្តីសម្រេចលេខ A៧៩.៤៩ របស់មហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជានឹងចាកចេញពីចំណាត់ថ្នាក់នេះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ទោះបីការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចជាសមិទ្ធផលដ៏សំខាន់ក៏ដោយ កម្ពុជាក៏ត្រូវត្រៀមខ្លួនប្រឈមនឹងបញ្ហាប្រឈមថ្មីៗ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការនាំចេញ ដោយអាចបាត់បង់ភាពអនុគ្រោះពន្ធមួយចំនួន ដូចជាកម្មវិធី EBA ក្រោយឆ្នាំ២០៣២ ប្រឈមនឹងការកើនឡើងពន្ធនៅទីផ្សារធំៗ និងលក្ខខណ្ឌតឹងរ៉ឹងលើវិធានដើមកំណើតទំនិញ ហិរញ្ញប្បទាន និងបទប្បញ្ញត្តិអន្តរជាតិ។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរឋានៈក៏ជាឱកាសសម្រាប់កម្ពុជាពង្រឹងសមត្ថភាពសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ បង្កើនទំនុកចិត្តវិនិយោគិន និងពង្រីកសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។


ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ និងសហការជាមួយ UNRCO កំពុងរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយផ្តោតលើសសរស្តម្ភចំនួន៥ គឺ ការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការកៀរគរធនធានក្នុងស្រុក ការពិពិធកម្មពាណិជ្ជកម្មនិងបង្កើនភាពប្រកួតប្រជែង ការបម្លែងរចនាសម្ព័ន្ធផលិតកម្មនិងអភិវឌ្ឍមូលធនមនុស្ស ការអភិវឌ្ឍប្រកបដោយភាពធន់នឹងអាកាសធាតុនិងចីរភាព និងការពង្រឹងសមត្ថភាពស្ថាប័ន អភិបាលកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូ។


ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានចាត់ទុកការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចថា ជាមោទកភាពជាតិ និងជាសក្ខីភាពនៃសមិទ្ធផលអភិវឌ្ឍន៍ដែលកើតចេញពីសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្រោមការដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន និងការបន្តដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា ការចាកចេញនេះមិនមែនជាទីបញ្ចប់នៃដំណើរអភិវឌ្ឍន៍ទេ ប៉ុន្តែជាជំហានយុទ្ធសាស្ត្រឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយត្រូវប្រើប្រាស់ពេលវេលាដែលនៅសល់ដើម្បីត្រៀមខ្លួនឱ្យបានរឹងមាំ និងការពារការងារនិងជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ និងគ្រួសារងាយរងគ្រោះ។
ចំណែកលោកស្រី វ៉ូដាន់កា អាន់ក្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការចាកចេញនេះជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយអាទិភាពចម្បងនាពេលនេះ គឺធានាឱ្យដំណើរការផ្លាស់ប្តូរឋានៈប្រព្រឹត្តទៅដោយរលូន មានចីរភាព និងមិនត្រឡប់ថយក្រោយ។ ដោយ៖ សុភ័ក្រ្ត









