រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ អំពីការរៀបចំសមយុទ្ធយោធារួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៦» ដែលនឹងប្រព្រឹត្តទៅនៅលើផ្ទៃសមុទ្រចន្លោះកោះរ៉ុង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ សមយុទ្ធនេះរៀបចំឡើងដោយកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» មានរយៈពេល២ថ្ងៃ ដោយថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ ជាថ្ងៃអនុវត្តសាកល្បង និងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ ជាថ្ងៃអនុវត្តជាក់ស្តែង។
ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងបង្ការហានិភ័យដែលអាចកើតមានក្នុងអំឡុងពេលសមយុទ្ធ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវឱ្យសាធារណជនកុំមានការភ័យស្លន់ស្លោ ឬយល់ច្រឡំ ប្រសិនបើឮសំឡេងកាំភ្លើង ឬឃើញសកម្មភាពចល័តកងទ័ព និងនាវាចម្បាំងនៅលើផ្ទៃសមុទ្រ ដោយសកម្មភាពទាំងនេះជាផ្នែកមួយនៃការធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា និងចិនប៉ុណ្ណោះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្នើឱ្យប្រជានេសាទ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពនេសាទ ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់សមុទ្រជុំវិញទីតាំងសមយុទ្ធចន្លោះកោះរ៉ុង និងកោះតាង តាមកាលបរិច្ឆេទដែលបានកំណត់ រហូតដល់ការធ្វើសមយុទ្ធត្រូវបានបញ្ចប់ជាស្ថាពរ ដើម្បីចៀសវាងគ្រោះថ្នាក់ និងរក្សាសុវត្ថិភាពជូនសាធារណជន៕








