ខេត្តព្រះសីហនុ៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារពហុវិស័យពាក់ព័ន្ធនឹងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី (GBV) ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី៤ និងពិធីបើក «យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី និងលើកកម្ពស់កិច្ចការពារជនរងគ្រោះ»។



ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានកិត្តិយសក្រុមការងារ GBV ខេត្ត និង លោកស្រី ម៉ាក សំណាង ប្រធានក្រុមការងារ GBV ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ និងអភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ។ក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទសុខា បានលើកឡើងពីបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលរួមបញ្ចូលការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។




លោកជំទាវបានគូសបញ្ជាក់ពីគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការជំរុញឱ្យស្នងការដ្ឋាននគរបាលពង្រឹងការរៀបចំវេទិកាផ្សព្វផ្សាយដល់ថ្នាក់មូលដ្ឋាន និងបានវាយតម្លៃខ្ពស់ចំពោះអង្គការដៃគូ ដែលបានចុះសហការផ្ទាល់ជាមួយអាជ្ញាធរដល់ទីជនបទ ដើម្បីសម្របសម្រួលដោះស្រាយករណីហិង្សា។ លោកជំទាវក៏បានជំរុញឱ្យក្រុមការងារបន្តបង្កើនសកម្មភាពបន្ថែមទៀត ដើម្បីឱ្យការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារនៅខេត្តព្រះសីហនុ កាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកស្រី ម៉ាក សំណាង បានបញ្ជាក់ថា យុទ្ធនាការ ១៦ថ្ងៃ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ មានគោលដៅពញ្ញាក់ស្មារតីមន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីជំរុញសុភមង្គលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។




យុទ្ធនាការឆ្នាំនេះ ផ្តោតលើចំណុចសំខាន់ៗរួមមាន ការផ្លាស់ប្តូរឥរិយាបថ លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន យុវជន និងអ្នកផ្តល់សេវាចំពោះជនរងគ្រោះ ព្រមទាំងលើកទឹកចិត្តបុរស និងក្មេងប្រុសឱ្យចូលរួមទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ (ទាំងក្នុង និងក្រៅប្រព័ន្ធអនឡាញ)។ការចូលរួមពីគ្រប់វិស័យ បង្កើនកិច្ចសហការពីវិស័យសាសនា សិល្បៈ វិស័យឯកជន និងយុវជន ដើម្បីបញ្ឈប់ការស្តីបន្ទោស និងគំនិតអវិជ្ជមានមកលើជនរងគ្រោះ។













ការទប់ស្កាត់អំពើហិង្សានៅកន្លែងការងារ យកចិត្តទុកដាក់ដោះស្រាយបញ្ហាការប្រើពាក្យសម្តីមិនសមរម្យ ខ្វះការទំនាក់ទំនង ទំនាស់ផលប្រយោជន៍ ឬបក្សពួកនិយម ដែលធ្វើឱ្យប៉ះពាល់ដល់ផលិតភាព និងការរីកចម្រើនរបស់ស្ថាប័ន។ជាមួយគ្នានេះដែរ លោកស្រីប្រធានក្រុមការងារបានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួង-មន្ទីរកិច្ចការនារី អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាព កងកម្លាំង សាលាដំបូងខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានសហការយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ដើម្បីនាំមកនូវសុវត្ថិភាព និងយុត្តិធម៌ជូនជនរងគ្រោះនៅទូទាំងខេត្តព្រះសីហនុ៕អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ កែវ ដារ៉ា







