ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Christopher Anderson បានអញ្ជើញទស្សនាសារមន្ទីរជាតិនៃប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ ដោយមានការទទួលស្វាគមន៍ និងធ្វើបទបង្ហាញណែនាំពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិ។ ដំណើរទស្សនកិច្ចនេះបានផ្តោតលើការតាំងបង្ហាញវត្ថុបុរាណ និងសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលត្រូវបានប្រគល់ត្រឡប់ពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកំណើតវិញ។


វត្ថុបុរាណទាំងនេះត្រូវបានប្រគល់មកកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីស្តីពីសម្បត្តិវប្បធម៌រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលជាកិច្ចព្រមព្រៀងដំបូងគេ និងតែមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ វត្ថុបុរាណខ្មែរជាង ៩០០ អង្គ ដែលត្រូវបានលួចចេញពីទីតាំងបុរាណ និងជួញដូរខុសច្បាប់ទៅក្រៅប្រទេស បានត្រឡប់មកកម្ពុជាវិញ ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។


បច្ចុប្បន្ន វត្ថុបុរាណជាច្រើនដែលបានប្រគល់ត្រឡប់មកវិញ កំពុងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិនៃប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានទស្សនា និងស្វែងយល់ពីតម្លៃប្រវត្តិសាស្ត្រ សិល្បៈ និងអរិយធម៌ខ្មែរ។ ការដាក់តាំងបង្ហាញនេះក៏ជាឱកាសសម្រាប់សាធារណជនបានឃើញផ្ទាល់នូវមរតកវប្បធម៌ដែលបានវិលត្រឡប់មកកាន់មាតុភូមិវិញផងដែរ៕ដោយ៖សុភ័ក្រ្ត








