ខេត្តព្រះសីហនុ៖ គោលដៅទេសចរណ៍ទាំងបែបធម្មជាតិ និងវប្បធម៌ កំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើន ដែលធ្វើដំណើរមកទស្សនាខេត្តព្រះសីហនុ តាមរយៈនាវាទេសចរណ៍ខ្នាតធំដែលបានចូលចតជាបន្តបន្ទាប់។
ជាក់ស្តែងនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៦នេះ ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមនាវាទេសចរណ៍ឈ្មោះ Carnival Luminosa បានទៅកម្សាន្តនៅតាមទីតាំងសំខាន់ៗជាច្រើន រួមមាន៖ តំបន់ឆ្នេរសមុទ្រ ទីតាំងទេសចរណ៍វប្បធម៌ វត្តជោតញ្ញាណ វត្តឥន្ទញ្ញាណ វត្តសមាធិ រង្វង់មូលព្រះថោងនាងនាគ សាលាបឋម និងអនុវិទ្យាល័យបិតត្រាំង ព្រមទាំងទីតាំងជាច្រើនទៀត។ ភ្ញៀវទេសចរបានទស្សនា និងផ្តិតយករូបភាពអនុស្សាវរីយ៍ពីវប្បធម៌ប្រពៃណីខ្មែរនៅតាមទីវត្តអារាម ក៏ដូចជាទស្សនាការសម្ដែងសិល្បៈរបស់សិស្សានុសិស្ស ប្រកបដោយភាពសប្បាយរីករាយ និងការស្វាគមន៍យ៉ាងរាក់ទាក់ដោយស្នាមញញឹម។



ជាមួយគ្នានេះ នៅតាមបណ្ដាគោលដៅទេសចរណ៍នានាទូទាំងខេត្ត ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវបានដាក់ពង្រាយប្រចាំការនៅតាមគោលដៅ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ព្រោះកត្តាសុវត្ថិភាពគឺជាចំណុចស្នូលដ៏សំខាន់បំផុតក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង៕ អត្ថបទ៖ ប៉ៃសុឃីម
រូបភាព ៖ ឡាយ ចាន់ដា

















































