យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមហ៊ុន Samsung Electronics (005930.KS) បានបង្ហាញគំរូដើមនៃមនុស្សយន្តដែលមានរូបរាងដូចមនុស្ស (Humanoid Robot) ទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ខ្លួនកាលពីសប្តាហ៍មុន ហើយគ្រោងនឹងបង្ហាញវាជាសាធារណៈនៅខែមករា។
ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ (Memory Chips) និងស្មាតហ្វូនមួយនេះ កំពុងស្វែងរកកត្តាជំរុញកំណើនថ្មីៗ។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះគ្រោងនឹងដាក់បង្ហាញមនុស្សយន្តនោះនៅក្នុងព្រឹត្តិការណ៍ Consumer Electronics Show (CES) នៅទីក្រុង Las Vegas។ ការធ្វើបែបនេះ គឺជាការឈានចូលទៅក្នុងទីផ្សារមួយដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ដែលរួមមានក្រុមហ៊ុន Unitree របស់ចិន (688836.SS) ក្រុមហ៊ុន Tesla (TSLA.O) និងក្រុមហ៊ុន Boston Dynamics ដែលជាបុត្រសម្ព័ន្ធរបស់ Hyundai Motor (005380.KS)។
ការបង្ហាញខ្លួនដែលបានគ្រោងទុកនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Samsung បានបង្កើតផ្នែក Robotics eXperience (RX) ឡើងកាលពីខែកក្កដា។ ផ្នែកនេះស្ថិតនៅក្រោមការត្រួតពិនិត្យផ្ទាល់របស់លោក TM Roh ដែលជានាយកប្រតិបត្តិរួម (Co-CEO) ហើយមានភារកិច្ចមើលការខុសត្រូវលើការស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកមនុស្សយន្ត យុទ្ធសាស្ត្ររយៈពេលវែង ព្រមទាំងការធ្វើពាណិជ្ជកម្មលើបច្ចេកវិទ្យានេះ។


នៅក្នុងការបង្ហាញសាកល្បងកាលពីថ្ងៃព្រហស្បតិ៍ នៅមជ្ឈមណ្ឌលស្រាវជ្រាវមនុស្សយន្តរបស់ Samsung ក្នុងទីក្រុងសេអ៊ូល (ដែលលោក Roh ក៏បានចូលរួមផងដែរនោះ) គឺផ្តោតសំខាន់លើការគ្រប់គ្រងចលនារាងកាយទាំងមូលរបស់មនុស្សយន្ត និងសមត្ថភាពរបស់វាក្នុងការចាប់យក និងចាត់ចែងវត្ថុផ្សេងៗដោយប្រើដៃរបស់វា។លក្ខណៈពិសេសនៃមនុស្សយន្តនេះ គឺអាចចាប់ បង្វិល និងផ្លាស់ទីទីតាំងវត្ថុផ្សេងៗបានយ៉ាងត្រឹមត្រូវ និងអាចទុកចិត្តបាន ដើម្បីបំពេញភារកិច្ចនៅក្នុងរោងចក្រ៕ ដោយ៖ ស្រីពី








