នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងលោក នង ឌីណារ៉ា អភិបាលរងក្រុងព្រះសីហនុ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពលាងសម្អាត និងរៀបចំសោភ័ណភាពនៅបរិវេណទីលានតេជោ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងក្រុមហ៊ុន KSWM ដែលបានចូលរួមសហការយ៉ាងសកម្ម ក្នុងការបាញ់ទឹកលាងសម្អាតបរិវេណទីលានតេជោ ក៏ដូចជាឈូសឆាយប្រមូលដី និងលាងសម្អាតដងផ្លូវនៅខាងមុខទីលាន ដើម្បីប្រែក្លាយទីតាំងនេះឱ្យមានអនាម័យ បរិស្ថានស្អាត និងសោភ័ណភាពស្រស់បំព្រង៕ ដោយ៖ ប៉ៃ សុឃីម


















