ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

អ្នកជំនាញ ប្រាប់ពីរបៀបការពារ កុំឱ្យពលរដ្ឋចាញ់បោកក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា តទៅទៀត!

KPS99TVថតរូប:កែវ ដារ៉ា

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) រួមជាមួយក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលា ស្តីពី«ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ»នៅខេត្តព្រះសីហនុ ក្រុងព្រះសីហនុ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ណុប ហេង សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ តំណាងឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ បានឱ្យដឹងថា ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យមូលបត្រ ក៏មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសឆបោកប្រជាពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគក្នុងរូបភាពនៃការវិនិយោគ លើវិស័យមូលបត្រជាដើម។

ជាក់ស្តែង ន.ម. ក .បានពិនិត្យឃើញថា មានសកម្មភាព នៃ ការ ផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយការដើរកៀរគរ និងការរៀបចំសិក្ខាសាលានានាដើម្បី ទាក់ទាញឱ្យសាធារណជន ធ្វើការជួញដូរលើឧបករណ៍និស្សន្ទដូចជា៖ ជួញដូរលើហាង ឆេងមាស ហាងឆេងរូបិយបណ្ណជាដើម ឬប្រមូលមូលនិធិវិភាគទានពីសាធារណជន ហើយគ្រប់គ្រងមូលនិធិទាំងនោះ ដើម្បីប្រើប្រាស់ក្នុងការវិនិយោគក្នុងគម្រោងវិនិយោគណាមួយ ហើយសន្យាផ្តល់ដល់អ្នកវិនិយោគទាំងនោះវិញនូវផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃផ្សេងៗ ដែលសកម្មភាព ទាំងនេះជាប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រ។

ជាមួយគ្នានេះ ឯកឧត្តមបាន បញ្ជាក់ថា លើសពីនេះទៀត ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមានភាពងាយស្រួល ហេតុនេះមានឧក្រិដ្ឋជនមួយចំនួនបានបង្កើតក្រុមតេឡេក្រាមក្លែងបន្លំគណនីថ្នាក់ដឹកនាំជាន់ខ្ពស់ ឬ ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណក្នុងវិស័យមូលបត្រដើម្បីឱ្យប្រជាពលរដ្ឋចាញ់បោក និងជ្រុលខ្លួនក្លាយជាជនរងគ្រោះដាក់ប្រាក់វិនិយោគឭផងដែរ។

ពាក់ព័ន្ធករណីនេះ ឯកឧត្តម អគ្គនាយក ក៏បានប្រាប់ពីរបៀបការពារមួយចំនួនរួមមាន៖

សូមសួរព័ត៌មានពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឬអាជ្ញាធរពាក់ព័ន្ធឱ្យបានច្បាស់លាស់ ក្នុងនាមជាវិនិយោគិនមូលបត្រ មុននឹងសម្រេចចិត្តវិនិយោគ គឺប្រសើរជាងដាក់ពាក្យបណ្តឹងមក ន.ម.ក. ឬអាជ្ញាធរពាក់ព័ន្ធ ក្នុងនាមជាជនរងគ្រោះ ដោយសារការឆបោក។ សូមកុំប្រញាប់ដាក់ប្រាក់វិនិយោគលឿនពេក! ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ហើយដាក់លុយវិនិយោគគឺមិនទាន់ហួសពេលនៅឡើយ។ ប៉ុន្តែករណីបាត់បង់ប្រាក់ ឬទ្រព្យសម្បតិ្តដោយសារការឆបោកអស់ហើយ គឺមិនមានប្រាក់សម្រាប់វិនិយោគនោះទេ។ មានតែចំណេះដឹង ការរៀន និងការតាមដានព័ត៌មានជាប្រចាំទេដែលអាចការពារវិនិយោគិន និង សាធារណជនពីការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងគម្រោងឆបោកផ្សេងៗ។ សូមរៀនវិនិយោគចូលរួ ម សិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលនានា ក៏ដូចជា៖ សួរតាមដាន និងចែករំលែកព័ត៌មានជា មួយ និយ័តករមូលបត្រកម្ពុជា ដើម្បីការពារខ្លួនអ្នក សមាជិកគ្រួសារ មិត្តភកិ្ត និងប្រជាជនខ្មែរកុំឱ្យក្លាយជនរងគ្រោះដោយសារការឆបោក៕

ដោយ៖ ធី លីថូ

រូបភាព៖ កែវ ដារ៉ា