(សៀមរាប)៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ នៅមុខប្រាសាទអង្គរវត្ត កាលពីម្សិលមិញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមអត្តពលិកចិន ដោយបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ឡើងវិញពីការអនុវត្តយន្តការលើកលែងទិដ្ឋាការ (Visa Exemption) រយៈពេល ១៤ថ្ងៃ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋចិន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជំរុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ។
សូមជម្រាបថា ស្របតាម «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងរយៈពេល៤ខែខាងលើ ប្រជាជនចិនទាំងអស់ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ៕
ដោយ៖ ធី លីថូ








