លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុង នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមបេសកកម្មរបស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើន និងបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់មូលដ្ឋាន។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងជំនាញថ្មីៗ ព្រមទាំងបំពេញតួនាទីដោយវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសាធារណៈ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនៅខេត្តកោះកុង ឱ្យកាន់តែរីកចម្រើន៕
ដោយ៖ ប៉ៃ សុឃីម















