អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៧៧៧នាក់ (ស្រី ១២០នាក់) មាន ១៩សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ជនបរទេសទាំងនេះ មានសញ្ជាតិរួមមាន កាមេរូន កូរ៉េខាងត្បូង ចិន ចិនតៃវ៉ាន់ ជប៉ុន នីហ្សេរីយ៉ា នេប៉ាល់ បង់ក្លាដេស ប៉ាគីស្ថាន ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា លីបេរីយ៉ា វៀតណាម ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី អាមេរិក និងអូស្ត្រាលី។
ក្នុងចំណោមនោះ ជនជាតិចិន ១៥៨នាក់ (ស្រី ៥នាក់) ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមយន្តហោះពិសេស តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ដោយឡែក ជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើសជាច្រើន រួមមាន ការលួចឆ្លងដែន បន្លំឯកសារ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ចាប់ជំរិតទារប្រាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ធ្វើការងារខុសច្បាប់ ព្រមទាំងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ប្រតិបត្តិការនេះ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ការពារសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងធានាថា កម្ពុជាមិនក្លាយជាទីតាំងសម្រាប់ក្រុមឧក្រិដ្ឋជនប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសនោះឡើយ៕
ដោយ៖ ប៉ៃ សុឃីម






