ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បន្តចុះសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំ!

KPS99TV

(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យជីវភាពរស់នៅ និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្ដែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំជីវភាពរស់នៅ ព្រមទាំងថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួនជាច្រើន រួមមាន ដំឡូងមី ពោត សណ្តែកគួរជាដើម និងដំណាំរួមផ្សំជាច្រើនទៀត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា ការដាំដុះដំណាំទាំងអស់នេះ នឹងហុចផលសម្រាប់ប្រជាពលរដ្ឋភៀសសឹក ទាំងការលក់ដូរចិញ្ចឹមជីវិត និងការទទួលទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជានិច្ចកាលតែងផ្តល់អនុសាសន៍ឱ្យចុះពិនិត្យ និងតាមដានពីស្ថានភាពរបស់ប្រជាពលរដ្ឋភៀសសឹកជាប់ជាប្រចាំ៕

ដោយ៖ ធី លីថូ