ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រោះព្រំ ភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន២ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីប្រោះព្រំ ភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេព២ នៅខ្លោងទ្វារជ័យ ក្រោមអធិបតីភាពរដ្ឋមន្ត្រីវប្បធម៌ លោកជំទាវ ភឿង សកុណា។

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្ត និងចូលរួមពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម លោក Flavio BONETTI តំណាងអង្គការ UNESCO ប្រចាំកម្ពុជា លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងតំណាងរដ្ឋបាលខេត្តសៀមរាប។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា ការនាំព្រះសិរចម្លាក់ទេពត្រឡប់ទៅកាន់ទីតាំងដើមវិញ មានអត្ថន័យយ៉ាងសំខាន់ចំពោះប្រវត្តិសាស្ត្រ និងមរតកវប្បធម៌ខ្មែរ ព្រោះខ្លោងទ្វារជ័យជាទីតាំងដែលព្រះមហាក្សត្រខ្មែរធ្លាប់ប្រារព្ធពិធីសំខាន់ៗ ដូចជា ព្រះរាជពិធីគ្រងរាជ្យ និងការយាងទៅសមរភូមិ។ ចម្លាក់ទេវៈ និងអសុរៈទាញព្រ័ត្រចំនួន១០៨អង្គ ដែលអមខ្លោងទ្វារជ័យ បានឆ្លងកាត់សង្គ្រាម និងការបំផ្លិចបំផ្លាញជាច្រើនជំនាន់ រហូតព្រះសិរមួយចំនួនត្រូវបានបាត់បង់ និងបែកខ្ញែកទៅកាន់ទីតាំងផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ តាមរយៈការខិតខំរបស់អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការគាំទ្រពី UNESCO ប្រទេសបារាំង ជប៉ុន និងសហរដ្ឋអាមេរិក ព្រះសិរភាគច្រើនត្រូវបានស្វែងរក និងនាំត្រឡប់មកវិញ ខណៈនៅសល់៣ព្រះសិរទៀតដែលកំពុងតម្កល់នៅសារមន្ទីរបរទេស និងកំពុងបន្តការចរចាដើម្បីនាំមកកម្ពុជាវិញ។

លោក Flavio BONETTI តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានសម្តែងការពេញចិត្តចំពោះការរៀបចំពិធីនេះ ដោយចាត់ទុកថាជាសក្ខីភាពនៃការគោរព និងការការពារវប្បធម៌ខ្មែរ ដែលជាបេតិកភណ្ឌពិភពលោក។ UNESCO បានបន្តគាំទ្រកម្ពុជាតាមរយៈគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចាប់តាំងពីឆ្នាំ១៩៩៣ និងបានសហការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការអភិរក្សអង្គរអស់រយៈពេលជាង៣០ឆ្នាំ។ ចំណែក លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចូលរួមជាមួយកម្ពុជាក្នុងការការពារសម្បត្តិវប្បធម៌ និងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណ ដោយបានបញ្ជូនវត្ថុបុរាណសិល្បៈប្រមាណ៩០០មកកម្ពុជាវិញក្នុងរយៈពេលកន្លងមក។ ពិធីនេះក៏ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌវប្បធម៌ ខណៈសន្តិភាព និងសុវត្ថិភាពបានបង្កលក្ខខណ្ឌឱ្យរូបចម្លាក់អាចត្រូវបានតម្កល់ត្រឡប់ទៅទីតាំងដើមវិញ។