ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

វេទិកាអន្តរជាតិ! នាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំកំពូល ៥ ប្រទេស អញ្ជើញចូលទស្សនាពន្លាជាតិកម្ពុជាដោយផ្ទាល់ ក្នុងពិព័រណ៍ INNOPROM នៅបេឡារុស្ស

តាមក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ៥ប្រទេស ទស្សនាពន្លាកម្ពុជានៅ INNOPROM.Belarus ក្នុងទីក្រុងមីនស្គ៍ ថ្ងៃទី១ ខែតុលា ដើម្បីស្វែងយល់ពីផលិតផលកសិកម្ម សិប្បកម្ម និងអាហារកែច្នៃ។

មីនស្គ៍៖ ផលិតផលខ្មែរកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ បន្ទាប់ពីនាយករដ្ឋមន្ត្រី និងប្រមុខដឹកនាំជាន់ខ្ពស់មកពី ៥ ប្រទេស រួមមាន ឯកឧត្តម Alexander Turchin នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្ស, ឯកឧត្តម Mikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី, ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន, ឯកឧត្តម Adylbek Kasymaliev ប្រធានគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន និងឯកឧត្តម Abdulla Aripov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ុយបេគីស្ថាន បានអញ្ជើញចូលទស្សនាពន្លាជាតិកម្ពុជាដោយផ្ទាល់ ក្នុងឱកាសបើកសម្ពោធពិព័រណ៍ឧស្សាហកម្មអន្តរជាតិ INNOPROM. Belarus លើកទី២ កាលពីររសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ BELEXPO។

នេះបើយោងតាមក្រសួងពាណិជ្ជកម្មចេញផ្សាយនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦

វត្តមានរបស់កម្ពុជាក្រោមមូលបទ «Cambodia – Basket of Wonders» បានទាក់ទាញក្រសែភ្នែកគណៈប្រតិភូជាន់ខ្ពស់យ៉ាងខ្លាំង តាមរយៈការរៀបចំយ៉ាងប្រណីតដែលរំលេចនូវភាពសម្បូរបែបនៃវប្បធម៌ សិល្បៈ របាំ ម្ហូបអាហារ ក៏ដូចជាវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងសក្តានុពលឧស្សាហកម្ម-កសិកម្មកែច្នៃ។ ថ្នាក់ដឹកនាំទាំងអស់បានបង្ហាញការចាប់អារម្មណ៍ពិសេសលើផលិតផលកម្ពុជាដែលដាក់តាំង ក្នុងនោះមានផលិតផលសម្គាល់ភូមិសាស្ត្រ (GI)។ ផលិតផលដែលដាក់តាំងរួមមាន ម្រេចកំពត គ្រាប់ស្វាយចន្ទីកំពង់ធំ ស្ករត្នោតកំពង់ស្ពឺ អង្ករប្រណីតកម្ពុជា ព្រមទាំងស្នាដៃសិប្បកម្មប្រពៃណី ចម្លាក់ប្រាក់ស្ពាន់ សូត្រខ្មែរ ថ្មម៉ាប ស្បែកជើង កាហ្វេ និងផលិតផលចំណីអាហារកែច្នៃជាច្រើនមុខទៀត។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការរឹតចំណងសេដ្ឋកិច្ចកាន់តែស្អិតរមួតរវាងកម្ពុជា បេឡារុស្ស និងបណ្តាប្រទេសជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU)។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងបន្តបោះជំហានយ៉ាងសកម្មក្នុងការធ្វើពិពិធកម្មទីផ្សារ និងពង្រីកការនាំចេញទំនិញខ្មែរទៅកាន់ទីផ្សារពិភពលោក ដោយជួយកសាងទំនុកចិត្តលើម៉ាកយីហោជាតិ និងបើកផ្លូវតភ្ជាប់ទំនាក់ទំនងធុរកិច្ច (B2B) ការវិនិយោគ ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់រវាងសហគ្រាសក្នុងស្រុកជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែទូលំទូលាយ។ដោយ៖ស្រីពី