កម្ពុជា លើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងជម្លោះព្រំដែនកម្ពុជា-ថៃ នៅហ្សឺណែវថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសន្ទនាបើកចំហ កិច្ចសហប្រតិបត្តិការ និងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សដោយមានតុល្យភាព ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអ្នករាយការណ៍ពិសេស ក្នុងអំឡុងបេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា។
កម្ពុជា ក៏បានលើកឡើងជាពិសេសពីផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយអះអាងថា ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០ នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាន ដោយសារវត្តមានកងកម្លាំងប្រដាប់អាវុធថៃ។ កម្ពុជា បានគាំទ្រការអំពាវនាវឱ្យមានការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងអំពាវនាវឱ្យអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងដោយស្មោះត្រង់។ ជាមួយគ្នានេះ កម្ពុជា បានលើកឡើងពីការពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានរំលេចពីសន្និសីទអន្តរជាតិដែលរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ»។
ដោយឡែក ក្នុងការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ថៃ កម្ពុជា បានបដិសេធការអះអាងដែលខ្លួនចាត់ទុកថា មិនពិត និងធ្វើឱ្យមានការភ័ន្តច្រឡំ។ កម្ពុជា បានរំលឹកថា ប្រជាពលរដ្ឋកម្ពុជាដែលកំពុងភៀសខ្លួន ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងក្នុងទឹកដីរបស់ពួកគេ ដោយសារការវាយប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ កាលពីឆ្នាំ២០២៥ និងបានអះអាងថា សកម្មភាពបច្ចុប្បន្នរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជា គឺជាការរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។ កម្ពុជា ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះអង្គការសង្គមស៊ីវិល ការចូលរួមផ្នែកនយោបាយ ពហុបក្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងការពារសិទ្ធិ និងការចូលរួមរបស់ស្ត្រី កុមារ ជនមានពិការភាព ក្រុម LGBTQ+ និងសហគមន៍ជនជាតិដើមភាគតិច។ដោយ៖ សុភ័ក្រ្ត






