ខេត្តព្រះសីហនុ៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបេក្ខនារីប្រកួត «ស្ត្រីនៃចក្រវាល» (Universal Women 2026)រយៈពេល២ថ្ងៃ មកពី ៤៨ ប្រទេស មកកាន់ខេត្តព្រះសីហនុនៅថ្ងៃទី១-២ខែតុលាឆ្នាំ២០២៦ នាពេលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់មួយក្នុងការបង្ហាញពីការអភិវឌ្ឍ និងលើកកម្ពស់សក្តានុពលតំបន់ទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនកុះករ។
ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចពហុបំណងដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលទ្រទ្រង់ដោយវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម។ លើសពីនេះ ខេត្តតំបន់ឆ្នេរមួយនេះមានធនធានទេសចរណ៍ដ៏សម្បូរបែប រួមមាន ឆ្នេរខ្សាច់កម្សាន្ត ប្រជុំកោះធម្មជាតិ ទឹកធ្លាក់ ឧទ្យានជាតិ ព្រមទាំងរមណីយដ្ឋានវប្បធម៌ និងរូបសំណាកនិមិត្តរូបល្បីៗ ដូចជារូបសំណាក «ព្រះថោងនាងនាគ» «នាគទេពមង្គល» និងរូបសំណាកជាច្រើនទៀត(ខ្មែរធ្វើបាន) ជាដើម ដែលសុទ្ធសឹងជាគោលដៅទាក់ទាញមិនអាចរំលងបាន។
តាមរយៈវត្តមាន និងការទស្សនកិច្ចផ្ទាល់របស់បេក្ខនារី Universal Women 2026ទាំង ៤៨ ប្រទេស នាឱកាសនេះ ទស្សនីយភាពដ៍ស្រស់ត្រកាល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍របស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក ដែលជួយលើកកម្ពស់កិត្យានុភាពជាតិ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា

















