ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Citystar Group ដឹកនាំដោយ Mr. Jean-Louis Charon ស្ថាបនិក និងជាភាគទុនិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីវឌ្ឍនភាព និងទិសដៅវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
ក្នុងជំនួបនេះ តំណាង Citystar Group បានបង្ហាញពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ព្រមទាំងថ្លែងអំណរគុណចំពោះការគាំទ្រពី ក.អ.ក.។ ក្រុមហ៊ុនក៏បានបង្ហាញផែនការពង្រីកការវិនិយោគលើវិស័យទេសចរណ៍ និងសណ្ឋាគារ តាមរយៈការនាំយកដៃគូវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ និងអភិវឌ្ឍគម្រោងស្នាក់នៅកម្រិតជាន់ខ្ពស់នៅរាជធានីភ្នំពេញ។
ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះផែនការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន និងបានគូសបញ្ជាក់ពីសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីថា ក.អ.ក. នឹងបន្តផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់ ដើម្បីឱ្យគម្រោងវិនិយោគរបស់ក្រុមហ៊ុនអាចអនុវត្តបានដោយរលូន និងទទួលបានជោគជ័យ។
ដោយ៖ សុភ័ក្រ្ត












