រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ១៦៤.២៦៩ ដុល្លារអាមេរិក តាមរយៈគម្រោងជំនួយសម្រាប់គម្រោងថ្នាក់មូលដ្ឋាន «គូសាណូណិ» ដើម្បីគាំទ្រការកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទីនៅខេត្តក្រចេះ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅស្ថានទូតជប៉ុន កាលពីថ្ងៃទី២ ខែតុលា ដោយលោក មិស៊ូមិ តាកាហ៊ីតុ ភារធារីស្តីទី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
គម្រោងនេះនឹងផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ចាំបាច់ដល់សហគមន៍កសិកម្មចំនួន៣ ក្នុងខេត្តក្រចេះ រួមមានឃ្លាំង កន្លែងសម្ងួត និងឧបករណ៍វាស់សំណើម។ ការគាំទ្រនេះមានគោលបំណងលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទី ធានាការផ្គត់ផ្គង់ឱ្យបានស្ថិរភាព និងជួយកែលម្អជីវភាពរស់នៅរបស់កសិករ។
រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានក្នុងប្រទេសកម្ពុជា តាមរយៈគម្រោង «គូសាណូណិ» ដើម្បីចូលរួមពង្រឹងសហគមន៍ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ដោយ៖ សុភ័ក្រ្ត




