ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Christophe Cardon de Lichtbuer អនុប្រធានបេសកកម្មនៃស្ថានទូតបែលហ្ស៊ិកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងការបរទេស នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តពង្រឹងទំនាក់ទំនងរបស់បែលហ្ស៊ិកជាមួយអាស៊ាន ជាពិសេសតាមរយៈទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៅឆ្នាំ២០២៧ ស្របពេលជាមួយនឹងខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងបែលហ្ស៊ិក។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕ដោយ៖ ស្រីពី



