រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្ពុជាចង់បានកិច្ចសហប្រតិបត្តិការដែលមានការអមដំណើរគ្នារយៈពេលវែង ដើម្បីពង្រឹងសមត្ថភាព និងភាពម្ចាស់ការរបស់ក្រុមគ្រូពេទ្យកម្ពុជា ជាជាងការផ្ទេរបច្ចេកទេសក្នុងរយៈពេលខ្លី។ លោកបានថ្លែងបែបនេះក្នុងពិធីថ្លែងអំណរគុណចំពោះបេសកកម្មប្តូរតម្រងនោមលើកដំបូងនៅកម្ពុជា ដែលរៀបចំនៅស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក្រុមអ្នកជំនាញនៃ Hospices Civils de Lyon ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត និងភាគីពាក់ព័ន្ធ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ស្ថានទូតបារាំង និងក្រុមអ្នកជំនាញនៃ Hospices Civils de Lyon ចំពោះការគាំទ្រ ជំនាញ និងបទពិសោធន៍ ដែលបានរួមចំណែកដល់ការពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា រហូតអាចអនុវត្តការប្តូរតម្រងនោមបានជោគជ័យ ស្របតាមស្តង់ដារអន្តរជាតិ។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានផ្អាកដោយសារជំងឺកូវីដ-១៩ ហើយបានចាប់ផ្តើមឡើងវិញនៅចុងឆ្នាំ២០២៥ តាមរយៈការបញ្ជូនក្រុមការងារកម្ពុជាទៅទទួលការបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍ស៊ីជម្រៅនៅទីក្រុងលីយ៉ុង ប្រទេសបារាំង។
កម្មវិធីប្តូរតម្រងនោមនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ទុកថា ជាការឆ្លើយតបទៅនឹងតម្រូវការសុខភាពសាធារណៈសម្រាប់អ្នកជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ។ ក្រសួងសុខាភិបាលបានផ្តោតលើក្របខណ្ឌច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការតាមដានអ្នកជំងឺ ដើម្បីធានាគុណភាព និងសុវត្ថិភាពនៃសេវា។ កិច្ចការនេះក៏ជាសក្ខីភាពនៃការបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងកម្ពុជា និងបារាំង ក្នុងការអភិវឌ្ឍសេវាវេជ្ជសាស្ត្រឯកទេស និងធនធានមនុស្សសុខាភិបាលនៅកម្ពុជា៕











