ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប លោកស្រី Tania Meyer នាយកធនាគារពិភពលោកប្រចាំកម្ពុជា រួមជាមួយលោក Jean-Dominique Bescond ដែលជាអ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធនធានធម្មជាតិ និងសេដ្ឋកិច្ចពណ៌ខៀវ (Senior Natural Resources Management Specialist & Blue Economy) និងជាប្រធានក្រុមការងារដឹកនាំ ថ្មី គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងការគាំទ្របន្ថែមលើវិស័យបរិស្ថាន នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
ជាកិច្ចចាប់ផ្ដើម លោកស្រី Tania Meyer បានថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើមុំអាទិភាព៣ គឺ ស្អាត បៃតង និងចីរភាព។
ជាមួយគ្នានោះ លោក Jean-Dominique Bescond បានលើកឡើង ការបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ដើម្បីជំរុញការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារពិភពលោក ដែលជានិច្ចកាលតែងតែ ជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងបានផ្តល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា វឌ្ឍនភាពនៃគម្រោង CSLEP មិនត្រឹមតែជួយការពារគម្របព្រៃឈើ និងជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមគាំទ្រការអភិវឌ្ឍ «គោលដៅលំហែបៃតង» ដែលបង្កើតមុខរបរថ្មី បង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋនៅតាមសហគមន៍ផ្ទាល់។
ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តគម្រោងCSLEP ដល់ការសាងសង់ផ្លូវឡើងភ្នំខ្នងផ្សារ ដែលជាគោលដៅលម្ហែបៃតង ដ៏ទាក់ទាញក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងការការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
ក្នុងយុទ្ធសាស្ត្របន្ត ស្របតាមការដឹកនាំចង្អុលបង្ហាញ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងបរិស្ថាន នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយគោលដៅលម្ហែបៃតង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ឱ្យទៅជារបៀងទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល។ ក្រសួងបរិស្ថាន បន្តពង្រីកការធ្វើផ្លូវប្រវែង ប្រមាណ១០គម តភ្ជាប់ពីភ្នំខ្នងផ្សារ ទៅតំបន់ជីផាត ក្នុងភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។ ការសិក្សាតភ្ជាប់តម្រាយផ្លូវទេសចរណ៍ ឬផ្លូវលំធម្មជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកទេសចរ អាចធ្វើដំណើរផ្សងព្រេង និងសម្រាកលម្ហែជាមួយទេសភាពធម្មជាតិ និងមានទឹកធ្លាក់ដ៏ស្រស់ស្អាតជាច្រើនកន្លែង ដែលប្រែក្លាយតំបន់ទាំងនោះទៅជា ប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏រស់រវើក ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងសហគមន៍ និងចូលរួមការពារព្រៃឈើ កាន់តែមានប្រសិទ្ធភាព។ ធនាគារពិភពលោក បាននិងកំពុងធ្វើការសិក្សានិងគាំទ្រសម្រាប់គម្រោងទាំងនេះបន្ថែមទៀត៕ដោយ៖ ស្រីពី







