នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ក.អ.ក. ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន រួមមាន ៖ (១)ការលើកកម្ពស់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការកាត់បន្ថយនូវនីតិវិធី និងចំណាយមិនចាំបាច់ផ្សេងៗ, (២)ការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូន, និង (៣)ការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។ការបញ្ជាក់របស់ឯកឧត្ដមបែបនេះក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី៤ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីរំកិលខ្លួនឈានទៅប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម ដែលជាប្រភពដើមនៃខ្សែច្រវាក់ផលិតកម្ម និងមានតម្លៃបន្ថែមខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តអំពាវនាវឱ្យមានការបើកទូលាយ និងពង្រឹងយន្តការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀត រវាងផ្នែករដ្ឋ និងផ្នែកឯកជន សំដៅរួមគ្នាកសាងនូវសមិទ្ធផល និងរឿងរ៉ាវជោគជ័យថ្មីៗបន្ថែមទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕








