ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ឡេ មិញ ហ៊ឹង បានអញ្ជើញដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលជាចំណែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងវៀតណាម។


ដូចការគ្រោងទុកតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩ ដល់ទី១០ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹងចូលគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៅក្នុងព្រះបរមរាជវាំង។


ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម។

ទស្សនកិច្ចរបស់ ឯកឧត្តម ឡេ មិញ ហ៊ឹង នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់អំពីការប្ដេជ្ញារួមរបស់ប្រទេសទាំងពីរ ក្នុងការបន្ត ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី៕ ដោយ៖  សុភ័ក្រ្ត