សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តស្វែងរកដំណោះស្រាយតាមមធ្យោបាយការទូត និងដោយសន្តិវិធី។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា និងការគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា និងបញ្ចៀសការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាព្រំដែនត្រូវផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ ជំហរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិជាមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពយុត្តិធម៌ និងអាចទទួលយកបាន ដោយគោរពអធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងពីរ។
តាមរយៈការបន្តសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ កម្ពុជារំពឹងថា ភាគីទាំងពីរនឹងអាចឈានទៅរកដំណោះស្រាយដែលមានភាពយុត្តិធម៌ យូរអង្វែង និងបម្រើផលប្រយោជន៍របស់ប្រជាជនទាំងសងខាងនិងទំនាក់ទំនងល្អរវាងប្រទេសជិតខាង។





