ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២៦នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅប្រទេសអាស៊ែបៃហ្សង់ ប្រទេសតួកគីយ៉េ និងប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសទាំងបី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។
គណៈប្រតិភូជាន់ខ្ពស់ដែលអមដំណើរសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រួមមាន លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសអាស៊ែបៃហ្សង់។
នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិកដទៃទៀត ក្រោមមូលបទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើនប្រកបដោយចីរភាពនៅអាស៊ី»។ ការចូលរួមនេះជាឱកាសសម្រាប់កម្ពុជាផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយបណ្តាប្រទេសសមាជិក ស្របតាមប្រធានបទនៃកិច្ចប្រជុំកំពូល។






