ខេត្តកែប៖ កាលពីថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុង និងស្រុក បានចេញប្រតិបត្តិការល្បាតចល័ត និងដាក់កម្លាំងប្រចាំការតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកែប។
ប្រតិបត្តិការនេះមានគោលបំណងពង្រឹងការការពារសន្តិសុខ សុវត្ថិភាពសាធារណៈ និងរក្សាសណ្តាប់ធ្នាប់សង្គម ព្រមទាំងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលអាចកើតមាន ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងភូមិសាស្ត្រខេត្តកែប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
តាមរយៈការបង្កើនការយាមល្បាត និងការត្រៀមកម្លាំងអន្តរាគមន៍នេះ កងរាជអាវុធហត្ថខេត្តកែប បន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កើតបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ៕ដោយ៖ ប៉ៃ សុឃីម

















