បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ឱកាសដល់លោក អ៊ុំ សំអាន និងក្រុមការងារ ដើម្បីបង្ហាញឯកសារ និងភស្តុតាងពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក អ៊ុំ សំអាន បានឆ្លើយតបថា លោកត្រូវការការលើកលែងទោសពីព្រះមហាក្សត្រជាមុន ទើបហ៊ានវិលចូលប្រទេសកម្ពុជា។ លោកក៏បានលើកឡើងពីក្តីបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន និងក្រុមការងារ ខណៈដែលការសម្រេចចិត្តចុងក្រោយនៅមិនទាន់មានឡើយ ដោយលោករង់ចាំពិភាក្សាជាមួយក្រុមការងាររបស់ខ្លួនសិន។
ក្នុងសារពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការធានាចំនួន ៥ ចំណុចដល់លោក អ៊ុំ សំអាន និងក្រុមការងារ ដោយអញ្ជើញឱ្យនាំយកឯកសារ និងភស្តុតាងមកពិភាក្សាដោយផ្ទាល់ជាមួយមន្ត្រីជំនាញព្រំដែននៅកម្ពុជា។ ការពិភាក្សានេះអាចមានការចូលរួមស្តាប់ពីអ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនក្នុងកម្រិតសមស្រប ខណៈដែលការចរចាជាមួយប្រទេសថៃមិនទាន់បញ្ចប់ និងព័ត៌មានរសើបមួយចំនួនមិនអាចផ្សព្វផ្សាយជាសាធារណៈទូលំទូលាយបាននៅឡើយ។ សម្តេចធិបតីក៏បានធានាសុវត្ថិភាពដល់លោក អ៊ុំ សំអាន និងក្រុមការងារក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ព្រមទាំងសន្យាជួយរ៉ាប់រងថ្លៃសំបុត្រយន្តហោះ ការធ្វើដំណើរ និងកន្លែងស្នាក់នៅ ប្រសិនបើមានការខ្វះខាត។
កន្លងមក លោក អ៊ុំ សំអាន បានលើកឡើងអំពីការបោះបង្គោលសីមាបណ្តោះអាសន្ននៅតំបន់ចន្លោះលេខ ៥២ និង ៥៩ ដោយអះអាងថា បង្គោលភាគច្រើនចូលក្នុងដីខ្មែរ និងចោទប្រកាន់ថារាជរដ្ឋាភិបាលកាត់ដីឱ្យថៃ ដើម្បីដោះដូរយកសន្តិភាព និងអំណាច។ ការលើកឡើងទាំងនេះបានបង្កឱ្យមានការជជែកវែកញែកជុំវិញការងាររបស់ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។ ខណៈនេះ ប្រជាពលរដ្ឋ និងអ្នកតាមដាននយោបាយកំពុងរង់ចាំមើលថា តើលោក អ៊ុំ សំអាន និងក្រុមការងារនឹងសម្រេចចិត្តទទួលយកការអញ្ជើញនេះដែរឬទេ ដើម្បីបង្ហាញឯកសារ និងពិភាក្សាអំពីការអះអាងរបស់ខ្លួន។ ចំណែករាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងស្វែងរកសន្តិភាពយូរអង្វែង។





