ព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) បានវិវត្តទៅជាព្យុះសង្ឃរា ហើយនៅតែបន្តជះឥទ្ធិពលលើប្រទេសកម្ពុជា បើទោះបីជាកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក៏ដោយ។
យោងតាមការព្យាករ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ មានការប្រែប្រួលរួមមាន៖
តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៣°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣១°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៤°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៥០% ខណៈកម្ពស់រលកសមុទ្រមានចន្លោះពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។
អាជ្ញាធរនិងស្ថាប័នជំនាញសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ និងប្រជានេសាទ ព្រមទាំងអ្នកធ្វើដំណើរតាមផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្របោកបក់ខ្លាំង៕ដោយ៖ ប៉ៃ សុឃីម


