ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លៀតឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលនៅអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដោយមិនមានការគ្រោងទុកជាមុន ខណៈឯកឧត្តមមានធុរៈផ្ទាល់ខ្លួននៅក្បែរទីតាំងនោះ។ ក្នុងដំណើរនេះ ក៏មានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ផងដែរ។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឧបត្ថម្ភសម្ភារៈ និងឧបករណ៍បម្រើការងារមួយចំនួនដល់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដើម្បីជួយសម្រួលដល់ការបំពេញភារកិច្ចប្រចាំថ្ងៃ។ សម្ភារៈទាំងនោះរួមមាន ខែល អាវការពារ ដំបង ខ្នោះដៃ សម្ភារៈចរាចរណ៍ និងឧបករណ៍ពាក់ព័ន្ធផ្សេងៗទៀត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាដល់កងកម្លាំងនគរបាលទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានចំនួន ៤០ម៉ឺនរៀល។
ការចុះសួរសុខទុក្ខដោយមិនបានជូនដំណឹងជាមុននេះ បានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំជួបសំណេះសំណាលដោយផ្ទាល់ជាមួយកងកម្លាំងនគរបាលនៅមូលដ្ឋាន ព្រមទាំងស្វែងយល់ពីស្ថានភាពការងារ និងតម្រូវការចាំបាច់នានា។ សកម្មភាពនេះក៏បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្ត្រីនគរបាល និងការផ្តល់ការគាំទ្រដល់ការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានផងដែរ។









