សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពង្រីកកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីបានស្វាគមន៍ឯកឧត្តម មីខាអៀល ហ្សាប់ប៉ារ៉ូវ គណៈប្រតិភូជាន់ខ្ពស់អាស៊ែបៃហ្សង់ និងវិនិយោគិនដែលបានចូលរួម ព្រមទាំងបានគូសបញ្ជាក់ថា វត្តមានរបស់វិស័យឯកជនពីប្រទេសទាំងពីរបង្ហាញពីទំនុកចិត្ត និងចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ។ សម្ដេចធិបតីក៏បានរំលឹកពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅអាស៊ែបៃហ្សង់ កាលពីខែមេសា ឆ្នាំ២០១៤ ដែលជាមូលដ្ឋានសម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគី។ ជាមួយគ្នានេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ត្រូវបានចាត់ទុកថាជាជំហានសំខាន់ក្នុងការបង្កើតមូលដ្ឋានរឹងមាំសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចនាពេលអនាគត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះបីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអាស៊ែបៃហ្សង់នៅមានសក្តានុពលដែលមិនទាន់បានប្រើប្រាស់ពេញលេញក៏ដោយ ក៏ប្រទេសទាំងពីរមានចំណុចខ្លាំងដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ អាស៊ែបៃហ្សង់មានភាពលេចធ្លោក្នុងវិស័យថាមពល គីមីឥន្ធនៈ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា កសិកម្ម ឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ខណៈកម្ពុជាមានវិស័យកម្មន្តសាល កសិកម្ម កម្លាំងពលកម្មវ័យក្មេង និងលទ្ធភាពចូលទៅកាន់ទីផ្សារក្នុងតំបន់។ សម្ដេចធិបតីបានបញ្ជាក់ពីភាពទាក់ទាញនៃបរិយាកាសវិនិយោគនៅកម្ពុជា រួមមានកម្លាំងពលកម្មដែលមានប្រជាជនប្រមាណ៦០% មានអាយុក្រោម៣៥ឆ្នាំ ការលើកទឹកចិត្តពន្ធរហូតដល់១២ឆ្នាំ ការអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស១០០% សម្រាប់ការវិនិយោគដែលច្បាប់អនុញ្ញាត និងការគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ លើសពីនេះ កម្ពុជាមានអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលជួយពង្រីកលទ្ធភាពចូលទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ក្នុងវិស័យថាមពលស្អាត កម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន៦៣% គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ដោយមានគោលដៅកើនដល់៧០% នៅឆ្នាំ២០៣០ និងសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
សម្ដេចធិបតីបានអំពាវនាវឱ្យវិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរ បន្តជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការស្វែងរកឱកាសវិនិយោគថ្មីៗ និងការបង្កើតភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសម្រួលដល់ដំណើរការវិនិយោគ និងផ្តល់ការគាំទ្រដល់វិនិយោគិន ដើម្បីធានាឱ្យការធ្វើធុរកិច្ចមានភាពងាយស្រួល និងទទួលបានជោគជ័យ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា គម្លាតភូមិសាស្ត្រមិនមែនជាឧបសគ្គចម្បងឡើយ ប្រសិនបើប្រទេសទាំងពីរមានចក្ខុវិស័យរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសម្រាប់ប្រជាជន៕

















