លោក លី ប៊ុនសោម អគ្គពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ប្រធានសវនកម្មផ្ទៃក្នុងនៃធនាគារកណ្តាលអាស៊ានលើកទី១១ ស្តីពី «ការធានាតាមរបៀបថ្មីដោយការប្រើប្រាស់បញ្ញាសប្បនិមិ្មត ការបង្កេីតភាពធន់ និងសុចរិតភាព (Reimagining Assurance: Harnessing Intelligence, Resilience, and Integrity)» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅធនាគារកណ្តាលម៉ាឡេស៊ី ទីក្រុងកូឡាឡំាពួរ ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់ធនាគារជាតិកម្ពុជា កាលពីម្សិលមិញ។
កិច្ចប្រជុំនេះ មានការចូលរួមពីប្រធានសវនកម្មផ្ទៃក្នុងនៃធនាគារកណ្តាលអាស៊ានទាំង១០ ធនាគារកណ្តាលប៉ាពូយូហ្គានី និងធនាគារអភិវឌ្ឍអាស៊ី។
កិច្ចពិភាក្សានៃកិច្ចប្រជុំនេះផ្តោតសំខាន់លើ៖ i/- សារៈសំខាន់នៃការរៀបចំគោលនយោបាយ ក្របខណ័្ឌ អភិបាលកិច្ច នីតិវិធី និងហេដ្ឋារចនាសម្ព័ន្ធ នៃប្រពន្ធ័ព័ត៌មានវិទ្យានិងបញ្ញាសប្បនិមិត្ម និង ii/- តួនាទីរបស់សវនកម្មផ្ទៃក្នុង ក្នុងការចូលរួមចំណែកពង្រឹងអភិបាលកិច្ច ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុងលើការប្រើប្រាស់ប្រពន្ធ័ព័ត៌មានវិទ្យានិងបញ្ញាសប្បនិមិ្មត ដើម្បីធានាសុវត្ថិភាពបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ៕ដោយ៖ ស្រីពី






