ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ទំហំពាណិជ្ជកម្មកម្ពុជា និង RCEP ស្ទុះឡើងខ្លាំង! ៩ខែរកបានជិត ៣៦ពាន់លានដុល្លារ

សេដ្ឋកិច្ច និងការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP នៅតែបន្តបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយសម្រេចបានទំហំទឹកប្រាក់រហូតដល់ ៣៥,៧៩ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែ ដំបូងនៃឆ្នាំ ២០២៦ នេះ។ តួលេខនេះមានការកើនឡើង ២១,៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ ផ្អែកតាមទិន្នន័យផ្លូវការពីរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារ RCEP សម្រេចបាន ៨ ពាន់លានដុល្លារ (កើនឡើង ៨,១១%) ខណៈការនាំចូលវិញមានទំហំ ២៧,៧៥ ពាន់លានដុល្លារ (កើនឡើង ២៥,៧៤%)។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវទីផ្សារធំៗជាប្រពៃណី ដូចជា សហរដ្ឋអាមេរិក ចិន តំបន់ RCEP និងទីផ្សារក្នុងតំបន់ ព្រមទាំងកំពុងជំរុញការរីកចម្រើនទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀតនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក។ លោកបានបន្ថែមថា ទោះបីជាសន្ទុះកំណើន GDP នាពេលបច្ចុប្បន្នស្ថិតក្នុងកម្រិតប្រមាណ ៤% ដែលមិនទាន់ស្ទុះលឿនដល់ ៧% ដូចមុនក្តី ប៉ុន្តែលទ្ធផលនាំចេញទាំងនេះបានស្តែងឱ្យឃើញពីសុខភាពសេដ្ឋកិច្ចជាតិដ៏រឹងមាំ និងគ្មានការប្រឈមមុខនឹងការជាប់គាំងអភិវឌ្ឍន៍ឡើយ។ 

សូមរំលឹកផងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាគំនិតផ្តួចផ្តើមរបស់អាស៊ាន បច្ចុប្បន្នជាប្លុកពាណិជ្ជកម្មសេរី (FTA) ដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានសមាជិកសរុប ១៥ ប្រទេស រួមមានអាស៊ានទាំង ១០ និងប្រទេសដៃគូឥណ្ឌូប៉ាស៊ីហ្វិកចំនួន ៥ ទៀតគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ កាលពីឆ្នាំ ២០២៥ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងដៃគូ RCEP ធ្លាប់សម្រេចបានរហូតដល់ ៤០,២៣ ពាន់លានដុល្លារ ដែលជាកំណើន ១៦,២៦% ធៀបនឹងឆ្នាំ ២០២៤៕ដោយ៖ស្រីពី