ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់បុគ្គលិកសម្អាតអនាម័យតាមដងផ្លូវ និងតាមឆ្នេរសមុទ្រ ព្រមទាំងក្រុមការងារកាត់ស្មៅថែទាំសួនច្បាររបស់មន្ទីរសាធារណការ និងក្រុមការងារថែទាំដើមឈើរបស់មន្ទីរកសិកម្ម សរុបចំនួន ១៤៩នាក់ ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនកម្មករ-បុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងសកម្មក្នុងការបំពេញការងារកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តគោលដៅសេដ្ឋកិច្ចគំរូពហុបំណង ដូច្នេះការចូលរួមចំណែកយ៉ាងស្មោះស្ម័គ្ររបស់បងប្អូនទាំងអស់ក្នុងការបោសសម្អាតតាមដងផ្លូវ ឆ្នេរសមុទ្រ និងការថែទាំសួនច្បារ ដើមឈើ ជាការងារដ៏សំខាន់ដែលធ្វើឱ្យក្រុង តំបន់ឆ្នេរ រមណីយដ្ឋានទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធនានា មានសោភ័ណភាព បរិស្ថានស្អាត និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាព និងកិត្យានុភាពខេត្តព្រះសីហនុឱ្យកាន់តែស្រស់បំព្រង។
អំណោយដែលបានផ្ដល់ជូននាឱកាសនោះ សម្រាប់បុគ្គលិកម្នាក់ៗទទួលបាន អង្ករចំនួន ១បាវ(២៥ គីឡូក្រាម) ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និង ថវិកាចំនួន ២០០,០០០ រៀល សរុបថវិកាទាំងអស់មានចំនួន ២៩,៨០០,០០០ រៀលផងដែរ៕អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា





























