តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃដំណើរការផ្សះផ្សាររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមមាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ក្នុងកិច្ចប្រជុំការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ ព្រមទាំងឯកភាពអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះទស្សនកិច្ចពិនិត្យតំបន់ជាក់ស្តែង។ ជាមួយគ្នានេះ ក៏មានការបង្កើតក្រុមការងារបច្ចេកទេសរួម ដែលរួមមានអ្នកជំនាញពីភាគីទាំងពីរ និងសមាជិកគណៈកម្មការ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាបច្ចេកទេសនានា។

លោកស្រី Katrina Cooper ប្រធានគណៈកម្មការ បានសម្តែងការស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំ ដោយចាត់ទុកថា ការយោគយល់គ្នាលើបញ្ហាបច្ចេកទេស និងការចុះពិនិត្យទីតាំងផ្ទាល់ នឹងជួយឱ្យដំណើរការចរចាប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱ្យគណៈកម្មការនូវការយល់ដឹងកាន់តែច្បាស់អំពីតំបន់ពាក់ព័ន្ធ។ ដោយឡែក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា និងថៃនឹងនៅតែជាប្រទេសជិតខាងជានិច្ច ហើយវឌ្ឍនភាពដែលសម្រេចបាន គឺជាការបោះជំហានទៅមុខសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សារ និង PCA ចំពោះការគាំទ្រ ព្រមទាំងកោតសរសើរចំពោះការចូលរួមរបស់ភាគីថៃ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងទំនុកចិត្ត និងស្វែងរកដំណោះស្រាយដែលផ្តល់ផលប្រយោជន៍រួម។


ជាមួយគ្នានេះ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ បានបញ្ជាក់ថា ថៃនឹងបន្តចូលរួមក្នុងដំណើរការផ្សះផ្សារប្រកបដោយស្ថាបនា និងរំពឹងថានឹងមានវឌ្ឍនភាពបន្ថែមទៀតក្នុងការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ កិច្ចព្រមព្រៀងលើការងារបច្ចេកទេស និងការអនុញ្ញាតឱ្យមានការចុះពិនិត្យទីតាំងជាក់ស្តែងនេះ បង្ហាញពីការបន្តសហការរបស់ភាគីទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរ។ ដោយ៖ សុភ័ក្រ្ត











