យោងតាមការព្យាករណ៍ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា សម្ពាធទាបនៅលើសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់គ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសទូទាំងប្រទេសចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មានការប្រែប្រួលដោយតំបន់ជាច្រើនអាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពមធ្យមមានចន្លោះពី ២២°C ដល់ ៣៤°C ជាមួយខ្យល់បក់ពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី ដោយភ្នំពេញ និងខេត្តចំនួន ១០ ទៀត រួមមាន៖ បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងកណ្តាល អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១៥% លើកលែងតែខេត្តបន្ទាយមានជ័យ និងសៀមរាបប៉ុណ្ណោះដែលពុំមានភ្លៀងធ្លាក់ទេ។ រីឯតំបន់ខ្ពង់រាបវិញ សីតុណ្ហភាពមធ្យមមានចន្លោះពី ២០°C ដល់ ៣២°C ខ្យល់បក់ពីទិសឦសាន និងអាគ្នេយ៍ក្នុងល្បឿន ៣ ម៉ែត្រ/វិនាទី ដោយខេត្តកំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១៥% ចំណែកខេត្តឧត្តរមានជ័យ ពុំមានភ្លៀងធ្លាក់ឡើយ។
ដោយឡែក នៅតំបន់មាត់សមុទ្រ ដែលរួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងមានសីតុណ្ហភាពមធ្យមពី ២៣°C ដល់ ៣៣°C និងមានខ្យល់បក់ពីទិសឦសាន និងអាគ្នេយ៍ក្នុងល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ តំបន់នេះអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ២០% ខណៈដែលរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ ម៉ែត្រ។ អាស្រ័យហេតុនេះ សាធារណជន និងអ្នកធ្វើដំណើរតាមផ្លូវទឹក គួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិទាំងនេះ។ ដោយ៖ ស្រីពី








