អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រតិកម្មកាលពីថ្ងៃព្រហស្បតិ៍ថា មូលនិធិដ៏ច្រើនសន្ធឹកសន្ធាប់ដែលសហភាពអឺរ៉ុបគ្រោងបែងចែកសម្រាប់អ៊ុយក្រែន ក្រោមក្របខណ្ឌកញ្ចប់ថវិការយៈពេល ៧ឆ្នាំ (ឆ្នាំ២០២៨–២០៣៤) គ្រាន់តែជាការផ្តល់ហិរញ្ញប្បទានដល់ការបន្តសង្គ្រាម ជាជាងការស្វែងរកសន្តិភាពប៉ុណ្ណោះ។ លោក Peskov បានសង្កត់ធ្ងន់ថា លំហូរថវិកាទាំងនេះនឹងធ្វើឱ្យទីក្រុងកៀវកាន់តែមានឆន្ទៈតិចតួចក្នុងការចរចារកសន្តិភាព ហើយបែរជាមានទំនោរបន្តការប្រយុទ្ធទៅវិញ ព្រមទាំងបានចំអកថា អ្នកបង់ពន្ធនៅបារាំង អ៊ីតាលី និងអាល្លឺម៉ង់ នឹងត្រូវបាត់បង់ធនធានអភិវឌ្ឍន៍ក្នុងស្រុក ដើម្បីយកលុយទៅទិញគ្រាប់រំសេវជំនួស។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំអឺរ៉ុបកំពុងបើកកិច្ចប្រជុំកំពូលពិភាក្សាលើការផ្តល់ប្រាក់កម្ចីបន្ថែមជាង ៤៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៧ ដោយក្នុងនោះមានជាង ២៧ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ និងជិត ២២ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ច។ ក្រៅពីនេះ មេដឹកនាំអឺរ៉ុបក៏កំពុងពិភាក្សាបញ្ចូលកញ្ចប់ថវិកាជាង ១០៩ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងផែនការថវិកាឆ្នាំ២០២៨–២០៣៤ ដើម្បីជួយឱ្យអ៊ុយក្រែនអាចទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី និងរក្សាដំណើរការសេវាសាធារណៈ។

ទោះជាយ៉ាងណា សំណើផ្តល់មូលនិធិដ៏មហិមានេះ កំពុងប្រឈមនឹងភាពចម្រូងចម្រាសផ្ទៃក្នុងសហភាពអឺរ៉ុប ដោយសារមានការជំទាស់ពីប្រទេសសមាជិកមួយចំនួន ដូចជា ហុងគ្រី ស្លូវ៉ាគី សាធារណរដ្ឋឆែក និងប៊ុលហ្គារី។ ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានព្រមានធ្ងន់ៗថា លោកនឹងរារាំងការអនុម័តកញ្ចប់ថវិការបស់អឺរ៉ុបទាំងមូល ប្រសិនបើគ្មានការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់ប្រទេសសមាជិក ក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែននោះទេ៕







