សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ នៅសាលសន្និសីទនិងពិព័រណ៍អន្តរជាតិកោះពេជ្រ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ដោយមានការចូលរួមពីអ្នកធ្វើធុរកិច្ច វិនិយោគិន និងតំណាងក្រុមហ៊ុនជាតិ និងអន្តរជាតិប្រមាណ ១.៥០០នាក់ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប។





វេទិកានេះមានគោលបំណងបង្កើតឱកាសសម្រាប់អ្នកវិនិយោគ និងធុរជនក្នុងការជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកដៃគូសហការថ្មីៗ ព្រមទាំងជំរុញការតភ្ជាប់រវាងគោលនយោបាយរដ្ឋាភិបាល ដើមទុនអន្តរជាតិ ធនធានឧស្សាហកម្ម និងសកម្មភាពធុរកិច្ចឆ្លងដែន។ ប្រធានបទសំខាន់ៗដែលត្រូវបានផ្តោតលើ រួមមាន ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា គោលនយោបាយវិនិយោគ ការលើកកម្ពស់វិស័យឧស្សាហកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើតមូលដ្ឋានសម្រាប់ការវិនិយោគ និងការពង្រីកអាជីវកម្ម។




ការរៀបចំវេទិកានេះក៏បង្ហាញពីការបន្តបើកចំហរបស់កម្ពុជាចំពោះវិនិយោគិនអន្តរជាតិ និងការខិតខំប្រឹងប្រែងលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង។ តាមរយៈកិច្ចជំនួប និងការផ្លាស់ប្តូរយោបល់ វេទិកានេះរំពឹងថានឹងជំរុញឱ្យមានគម្រោងវិនិយោគថ្មីៗ ពង្រឹងភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុ ព្រមទាំងបង្កើតឱកាសអាជីវកម្មរយៈពេលវែងសម្រាប់សហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយ៖ សុភ័ក្រ្ត


























