អាជ្ញាធរខេត្តមណ្ឌលគិរី ប្រាប់ពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រលេខ ១៣៧+០៥០ ឱ្យប្រុងប្រយ័ត្ន មានករណីថ្មរលំធ្លាក់ចុះមក នៅមានស្នាមប្រេះ អាចបន្តធ្លាក់មកទៀតបាន!
រដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានចេញជូនដំណឹងប្រាប់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៧៦ ពីក្រុងសែនមនោរម្យទៅកាន់ស្រុកកោះញែក ឬពីស្រុកកោះញែក មកកាន់ក្រុងសែនមនោរម្យ និងបន្តដំណើរទៅកាន់ខេត្តផ្សេងៗទៀត ឱ្យបានជ្រាបថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី ព្រឹក មានករណីថ្មរលំធ្លាក់ចុះមកលើផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៣៧+០៥០ ស្ថិតនៅចំណុចភ្នំបាយឆៅ ភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ សាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវនេះ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយសារថ្មនៅតាមទីតាំងនោះនៅមានស្នាមប្រេះ ដែលអាចបន្តរលំធ្លាក់ចុះមកបានទៀត៕ដោយ៖ ស្រីពី








